Skip to main content
Preah Sihanouk Provincial Television
Log in

ACU រកឃើញអធិការរងម្នាក់ទទួលលុយជិត១លានដុល្លារពីថៅកែទីតាំង Online Scams ជាថ្នូរនឹងការដោះលែងបក្ខពួក៤៣នាក់

Historical original · translation unavailable

អធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង លោក វ៉ន វាសនា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា បានទទួលប្រាក់ពីថៅកែ Online Scams ចំនួន ៧៧៤,០០០ដុល្លារអាម៉េរិក ដើម្បីជាថ្នូររត់ការដោះលែងក្រុមជនល្មើសចំនួន ៤៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ នេះបើតាមរបាការណ៍របស់ ACU បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ អាណត្តិទី៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ខណៈករណីនេះកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥មកម្ល៉េះ ពោលគឺនៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង Online Scams នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបានជនល្មើសជាជនជាតិថៃចំនួន ៤៣នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ។

ជាគោលការណ៍ នគរបាលជាតិនឹងត្រូវបណ្តេញអ្នកឆបោកទាំងនោះចេញពីកម្ពុជា។ ក្រោយមក ថៅកែទីតាំង Online Scams ជាជនជាតិថៃ តាមរយៈមេការម្នាក់ បានចំណាយប្រាក់ចំនួន ៧៧៤,០០០ដុល្លារអាមេរិក ដើម្បីរត់ការដោះលែងជនជាតិថៃទាំង៤៣នាក់នោះចេញពីការឃុំឃាំង និងសុំកុំឱ្យបញ្ជូនទៅថៃវិញ ប៉ុន្តែទោះបីជាយ៉ាងណា ការរត់ការនេះត្រូវបានបរាជ័យ។ បន្ទាប់មកទៀត តុលាការបានបញ្ជូនសំណុំរឿងនេះមក ACU ជាសមត្ថកិច្ចវិញ ហើយ ACU បានរកឃើញលោក វ៉ន វាសនា ដែលជាអធិការរងស្រុកបវេល និងមនុស្សចំនួន៥នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធក្នុងករណីនេះ ហើយឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធ២នាក់ គឺលោក វ៉ន វាសនា អធិការរងស្រុកបវេល និងឈ្មោះ តាំង សំណាង ជាមន្ត្រីយោធា ចំណែកអ្នកផ្សេងទៀតកំពុងគេចខ្លួន៕ 

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…