Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគ១៧មានទុន២៨០លានដុល្លារទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋបន្ថែម

Historical original · translation unavailable

រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៧ គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគ២៨០លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២,១៩៥កន្លែង។ តាមរយៈកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ជាប្រធាន ដើម្បីពិនិត្យលើការស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា បានបង្ហាញថា គម្រោងទាំង១៧ ដែលទទួលបានការលើកទឹកចិត្តពិសេសនេះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១០ និងគម្រោងថ្មីចំនួន៥ និង គម្រោងមានស្រាប់ចំនួន២។ គម្រោងទាំងនេះ មានជាអាទិ៍គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និងគម្រោងសណ្ឋាគារ ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានលើកឡើងថា បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្ត, ក្រុមការងារនិងក្រសួង-ស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និងការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើជូនប្រជាជន។ ចំណែក ក្នុងខេត្តព្រះសីហនុ មានតម្រូវការកម្លាំងពលកម្មចំនួន ៦៤៥នាក់ ខណៈរដ្ឋបាលខេត្តបានជួយស្វែងរកការងារជូនពលករចំណាកស្រុកពីប្រទេសជិតខាងបានចំនួន ៥៣៩នាក់។

យ៉ាងណា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៣៩២ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧,៨០១លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារ ៥០,៦៧០កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦៦គម្រោង, គម្រោងពង្រីក ២៥គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥គម្រោង។ ទន្ទឹមនឹងការផ្តល់គោលការណ៍នេះ, ក្រុមការងារបានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស, ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ, ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋ និងការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និងការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…