ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ព្យុះអស់ឥទ្ធិពលហើយ ប៉ុន្តែសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើប្រទេសកម្ពុជា ដែលនាំឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់បន្តកើតមានឡើងនៅតាមរាជធានី-ខេត្តស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា។ សម្ពាធទាបនេះ ក៏មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលកប់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គផងដែរ។
ក្រសួងធនធនទឹក បញ្ជាក់ថា នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។ ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។ រីឯ តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៤៥ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,៧៥ម៉ែត្រ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









