នាវា Frigate ថ្មីចំនួន ២គ្រឿង ត្រូវបានចិនដែលជាមហាមិត្តដែកថែបរបស់កម្ពុជាធ្វើឡើងដើម្បីប្រគល់ជូនកងទ័ពជើងទឹកកម្ពុជា ខណៈ១គ្រឿង បានដំឡើងនិងបានបើកបរសាកល្បងរួចរាល់ និង១គ្រឿងទៀតដំឡើងបានពាក់កណ្ដាល។ សម្ដេចអតីតរដ្ឋមន្ត្រីការពារជាតិ បានបង្ហើបប្រាប់ក្នុងទំព័រហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី០៣ ខែតុលាថា៖ «កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។»។ ការឱ្យដឹងយ៉ាងខ្លីដូច្នេះ បន្ទាប់ពីសម្ដេច ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិនប្រមាណ២សប្ដាហ៍។ យ៉ាងណា សម្តេចមិនបានបញ្ជាក់បន្ថែមអំពីកាលបរិច្ឆេទជាក់លាក់ ដែលចិនត្រូវបញ្ជូននាវា Frigate ថ្មីសន្លាងនេះមកឱ្យកម្ពុជានោះទេ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











