Skip to main content
Preah Sihanouk Provincial Television
Log in

ស្រុកព្រៃនប់សិស្សប្រលង(បាក់ឌុប) ជាប់និទ្ទេស A ចំនួន ៨នាក់ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងចំណោមសិស្សជាប់និទ្ទេស A ៥៦នាក់ ទូទាំងខេត្តព្រះសីហនុ

Historical original · translation unavailable

លោកអភិបាលស្រុកព្រៃនប់ បានផ្តាំផ្ញើនៅមតិល្អ‌ៗជូនដល់សិស្សានុសិស្ស ដែលទើបប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤ ២០២៥ ដែលស្រុកព្រៃនប់ជាប់និទ្ទេស A ចំនួន ៨រូប  ដើម្បីក្លាយជាមូលធនមនុស្ស និងជាទំពាងស្នងឫស្សីដ៏រឹងមាំសម្រាប់សង្គមជាតិ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានលើកឡើងដូចនេះនៅក្នុងពិធី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់និទ្ទេស A ចំនួន ៨រូប នៅសាលាស្រុកព្រៃនប់ ព្រមទាំងបានផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់អនុសាសន៍ល្អៗនិងការណែនាំ ជាផ្នត់គំនិតថ្មីៗបន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការសិក្សា និងធ្វើការបន្តទៅថ្ងៃមុខ។

នាឱកាសនោះលោកអភិបាលស្រុក បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវចេះបង្កើតគម្រោង ឬធ្វើសកម្មភាពនានាជួយដល់សង្គម, រៀបចំកម្មវិធីបង្រៀនចំណេះដឹងថ្មីៗដល់មិត្តភក្តិ, ធ្វើការជាក្រុមឱ្យបានច្រើន, រៀនពីរបៀបស្តាប់យោបល់អ្នកដទៃ ទទួលយកគំនិតថ្មីៗ និងធ្វើការសម្របសម្រួល, ចេះប្រឈមនឹងបរាជ័យ យល់ពីសារៈសំខាន់នៃបរាជ័យ បរាជ័យក៏ជាផ្នែកមួយនៃការរីកចម្រើន ត្រូវរៀនពីកំហុសដើម្បីឆ្ពោះទៅមុខ។

លោក បានលើកទឹកចិត្តឱ្យសិស្សទាំងអស់ចេះស្វែងរកគំនិតថ្មីៗ ហ៊ានសាកល្បងគំនិតដែលមិនទាន់មាននរណាម្នាក់ធ្លាប់ធ្វើ និង ត្រូវរៀនសូត្រពេញមួយជីវិត ចំពោការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតសិស្ស ព្រោះវាជាជំហានមួយក្នុងការបន្តអប់រំ និងអនាគតការងារ ការប្រឡង ជាវិធីសាស្រ្តមួយក្នុងការវាស់វែងចំណេះដឹង និងសមត្ថភាពដែលសិស្សទទួលបាន ក្នុងអំឡុងពេលសិក្សានៅមធ្យមសិក្សាទុតិយភូមិ។

ហើយសញ្ញាបត្រប្រឡងនេះ គឺជាច្រកទ្វារសំខាន់សម្រាប់បន្តការសិក្សាទៅកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ វិទ្យាស្ថានជំនាញផ្សេងៗ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ជាមូលដ្ឋានសម្រាប់សិស្សមួយចំនួន ក្នុងការប្រឡូកការងារនៅក្នុងវិស័យរដ្ឋ ឬឯកជន ដោយមានការទាមទារថ្នាក់កម្រិតវប្បធម៌។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឱដឹងថា សម្រាប់សិស្សានុសិស្ស ដែលប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥ ទូទាំងខេត្តព្រះហីនុមាន ចំនួន ២.២១១ នាក់ ស្រី ១.១៤៦ នាក់ ប្រឡងជាប់ ២.០០៤ នាក់ ស្រី១.០៧៥ នាក់ក្នុងនោះជាប់និទ្ទេស A មានចំនួន ៥៦នាក់ ស្រី ២៦នាក់ បើធៀបទៅនិងឆ្នាំសិក្សា ២០២៣-២០២៤ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន ៤៥ នាក់ ស្រី ២៩នាក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…