Skip to main content
Preah Sihanouk Provincial Television
Log in

បនល្បែងកាស៊ីណូ១១ទីតាំងនៅខេត្តព្រះសីហនុមិនទាន់រាយការណ៍ពីការស្នាក់នៅនិងធ្វើការរបស់ជនបរទេសគិតត្រឹមខែកក្កដា

Historical original · translation unavailable

គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានកាស៊ីណូ១១ទីតាំងនៅក្នុងខេត្តព្រះសីហនុ មិនទាន់ផ្តល់របាយការណ៍ស្វ័យប្រកាសពីការប្រើប្រាស់ហត្ថពលកម្មបរទេសជូនអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។ លោក ញ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥ ដល់ម្ចាស់រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែតុលានេះ។

របាយការណ៍ដែលបង្ហាញដោយប្រធានមន្ទីរការងារខេត្ត គឺស្របពេលឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានព្រមានទុករយៈពេលដល់ថ្ងៃទី១៣ ខែតុលា ឱ្យម្ចាស់រោងចក្រ សហគ្រាស និងកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទាំងអស់ធ្វើរបាយការណ៍ស្វ័យប្រកាសពីការស្នាក់នៅ និងធ្វើការរបស់ជនបរទេសដោយប្រកបដោយសុក្រឹត្យភាព។ ឯកឧត្តម សង្កត់ធ្ងន់ថា អគ្គនាយកដ្ឋានបានតាមដាននិងមានតួលេខជនបរទេសនៅក្នុងដៃច្បាស់លាស់ ដូច្នេះត្រូវធ្វើរបាយការណ៍ស្វ័យប្រកាសនេះឱ្យមានភាពស្មោះត្រង់ជាមួយគ្នា។ កុំឱ្យនៅពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការរកឃើញអគារនោះលាក់ជនបរទេសមិនរាយការណ៍ឬរាយការណ៍ខុស សមត្ថកិច្ចនឹងអនុវត្តទោសទណ្ឌតែម្តង។ ដូច្នេះ តើកាស៊ីណូទាំង១១ទីតាំងដែលបានបញ្ជាក់ខាងលើនោះកំពុងដំណើរការឬយ៉ាងណា? ដើម្បីចង់ជ្រាបព័ត៌មានកាន់តែច្បាស់ សូមអានខ្លឹមសាររៀបរាប់ដូចខាងក្រោមនេះ៖

កាស៊ីណូទាំង១១ទីតាំងនេះ ក្នុងនោះមានកាស៊ីណូកំពុងជួសជុលអគារ និងប្រកាសជ្រើសរើសបុគ្គលិកចំនួន ២សហគ្រាស រួមមាន៖ ១. ក្រុមហ៊ុន កាឡាក់ស៊ីវើល ហៅ អិល ស៊ី កាស៊ីណូ ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម និង២. ក្វាង ទុង ហុង កុង អ៊ិនធើណេសិនណល ហូថេលឯ.ក ហៅ កាស៊ីណូ ក្វាង ទុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ចំណែក កាស៊ីណូបានព្យួរអាជ្ញាបណ្ណ និងផ្អាកសកម្មភាពអាជីវកម្មចំនួន ៨សហគ្រាស ក្នុងនោះមាន៖ ១. កាស៊ីណូ សុខា វីហ្គាស, ២. កាស៊ីណូ ស៊ីនហាវហ៊ុយ  អេនធើធេនម៉ិន ឯ.ក, ៣. កាស៊ីណូ ជេ អ អ៊ិន ធើណេសិនណលគ្រុប ឯ.ក, ៤. ជី.ស៊ី មេឌា ឯ.ក ហៅ ជីនប៉ី៤, ៥.ស៊ីន ម៉ី ហ្គាវ ម៉ី អ៊ិនធើធែនមេន ឯ.ក, ៦. ក្រុមហ៊ុន ជយ សូហ្វ អ៊ិនវេសម៉ិន ខមភេនី ហៅកាស៊ីណូ ជយ, ៧. ក្រុមហ៊ុន ហ្គោលដិន រ៉ូយ៉ាល់ អ៊ិនធើណេសិនណល អ៊ីនវេសម៉ិន ហៅ កាស៊ីណូ ហ្គោលដិន និង៨. ក្រុមហ៊ុន វីអេស ថៅអឺ អ៊ិនធើណេសិនណល ឯ.ក ហៅកាស៊ីណូ វីន ស្តារ វើលស៍។

ដោយឡែក កាស៊ីណូ កំពុងស្នើសុំព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន ០១កាស៊ីណូ ក្នុងនោះគឺ វាយជីធីហ្សិត អ៊ិនធើណេស៊ិនណល អ៊ិនវេសម៉ិន ឯ.ក ហៅ កាស៊ីណូ ពន្លឺព្រះអាទិត្យ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…