Skip to main content
Preah Sihanouk Provincial Television
Log in

នគរបាលបញ្ជ្រាបច្បាប់ចរាចរណ៍ដល់អ្នកបើកបរនៅខេត្តព្រះសីហនុដើម្បីជៀសពីគ្រោះថ្នាក់!

Historical original · translation unavailable

ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឱ្យចុះអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យយល់ដឹងពីសុវត្ថិភាពក្នុងការបើកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់។ ការចុះអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ជាកត់សម្គាល់ បើតាមរបាយការណ៍លោកឧត្តមសេនីយត្រី អ៊ុ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តព្រះសីហនុ បានផ្តាច់ជីវិតមនុស្សចំនួន ៨៧នាក់ និងរបួសធ្ងន់ស្រាល ១៣៧នាក់ ដែលបានកើតឡើងចំនួន ១៣០លើក កើន៩លើក។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នេះ មានជនបរទេសបង្ក ១១លើក រួមមាន៖ ជនជាតិចិន៧លើក, ឥណ្ឌូនេស៊ី ២លើក, រុស្ស៊ី ១លើក និងជនជាតិអូស្រ្តាលី ១លើក។ លោកស្នងការរងរូបនេះ សង្កត់ធ្ងន់ថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដែលតែងតែធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខណៈករណីនេះពុំទាន់កាត់បន្ថយបាននៅឡើយ កត្តាទាំងនេះទាមទារឱ្យបង្កើនការផ្សព្វផ្សាយអំពីច្បាប់ សេចក្តីណែនាំ និងវិធានការនានាដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…