ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកការជួបពិភាក្សាកម្រិតខ្ពស់ជាមួយ ឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីទេសចរណ៍ អារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ជំនួបនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិយាកាសមិត្តភាព និងការយោគយល់គ្នាច្បាស់លាស់។
ក្នុងវេទិកាពិភាក្សា ភាគីទាំងពីរ បានឯកភាពពង្រឹង និងពង្រីកសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យទេសចរណ៍ តាមរយៈការពន្លឿនការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MoU) យូធូផល, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍រួម, ការពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ–ភ្នំពេញ, ការរៀបចំកម្មវិធី FAM Trip សម្រាប់អ្នកប្រតិបត្តិការទេសចរណ៍។
ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះការផ្តល់បដិសណ្ឋារកិច្ចកក់ក្ដៅពីរដ្ឋមន្រ្តីទេសចរណ៍អារ៉ាប៊ីសាអូឌីត និងបានអបអរសាទរចំពោះជោគជ័យក្នុងការរៀបចំមហាសន្និបាត UN Tourism លើកទី២៦ ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសជំនួបនេះ ដែរ រដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញឱ្យឯកឧត្តម Ahmed Al-Khateeb បើកទស្សនកិច្ចមកកម្ពុជា នៅពេលឆាប់ៗ ខណៈការទំនាក់ទំនង និងសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កំពុងរីកចម្រើននិងមានសក្តានុពលខ្លាំងសម្រាប់អនាគត។
ដោយ៖ ទូរទស្សន៍ខេត្តព្រះសីហនុ








