នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១៦រូប ទៅបំពេញទស្សនកិច្ចពាណិជ្ជកម្មនៃទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះដែរ ក៍បានអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើន មានដូចជា ៖ ពិព័រណ៍ស្ដីពីឧបករណ៍ និងបច្ចេកវិទ្យាអគ្គិសនី (The 32nd Electric Power Equipment & Technology Expo) និងចូលរួមកិច្ចប្រជុំ និងវេទិកាចែករំលែកពាក់ព័ន្ធនឹងវិស័យអគ្គិសនី និងថាមពល។ ហើយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិនានា ព្រមទាំងទៅទស្សនកិច្ចរោងចក្រ ដែលមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ នៅក្នុងវិស័យថាមពល និងឧស្សាហកម្មប្រទេសចិនផងដែរ។
សូមបញ្ជាក់ដែរថា ៖ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕
ដោយ៖ ប៉ៃ សុឃីម









