ពលករចំណាកស្រុកជាស្រ្តីខ្មែរម្នាក់អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃនៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញនាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងបានបញ្ជាក់ថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។ គ.ស.ម.ក ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។
លើសពីនេះ គ.ស.ម.ក ក៏បានស្នើសហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ បន្ថែមពីនេះ គ.ស.ម.ក បានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសថៃមិនដោះស្រាយករណីទាំងនេះឱ្យបានទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ នោះជាការឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា ជុំវិញករណីទាហានឈុតខ្មៅថៃចាប់រំលោភបូកលើយុវតីជាពលករខ្មែរជារឿងបានកើតឡើងយ៉ាងពិតប្រាកដមែន ខណៈបច្ចុប្បន្នក្រសួងការងារជាមួយក្រសួងមហាផ្ទៃ រួមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងសហការគ្នា ដើម្បីស្វែងរកយុត្តិធម៌ដល់យុវតីរងគ្រោះ។ ក្រសួងការងារ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃផងដែរ។ ចំណែក ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃកំពុងប្រមូលព័ត៌មានទាក់ទងករណីទាហានថៃរំលោភបំពានលើយុវតីខ្មែរដ៏សាហាវនេះ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាបង្ហាញទៅអន្តរជាតិជុំវិញអំពើដ៏ស្មោកគ្រោករបស់ទាហានថៃ ហើយកម្ពុជាក៏មិនអាចទទួលយកបាននោះដែរ។ ចំណែក អង្គការ សមាគម សហភាព សហគមន៍ និងសហជីពសរុបចំនួន២១៦ ក៏បានចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលការិនីខ្មែរដោយកងទ័ពឈុតខ្មៅថៃដែរ និងបានចាត់ទុកទង្វើដ៏ឃោរឃៅនេះ គឺជាការំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ដ្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ និងលិខិតតុបករណ៍អាស៊ាន ច្បាប់អន្ដរជាតិ និងអនុសញ្ញាCEDAW៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












