ដើម្បីបង្ការផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ភ្លាមៗក្រុមការងារក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំពោះមុខ ដោយកំពុងចុះទប់ស្កាត់កុំឱ្យសំណល់ប្រេងម៉ាស៊ូត ដែលលេចធ្លាយចេញពីទូរថភ្លើងក្រឡាប់ នៅភូមិច្រេស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ ក្នុងនោះ ក្រសួងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅប្រមូលសំណល់ប្រេងហូរចេញពីស៊ីទែនរថភ្លើងទៀតនោះទេ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព និងកាត់បន្ថយវិសាលភាពនៃសាយភាយសំណល់ប្រេងទៅទីតាំងផ្សេង។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យ និងតាមដានសុខភាពប្រជាពលរដ្ឋរស់នៅក្បែរទីតាំងឧប្បទ្ទហេតុឱ្យបានដិតដល់បំផុត។
ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាន ក៏បានលើកទំនប់បន្ថែមនៅទីតាំងឧប្បទ្ទហេតុដើម្បីការពារនិងទប់ស្កាត់ការសាយភាយសំណល់ប្រេងចូលទៅក្នុងដីស្រែ និងស្រះទឹកប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានឱ្យក្រុមហ៊ុនធ្វើការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងឱ្យអស់ ប្រមូលនិងទុកដាក់សម្ភារៈដែលប្រឡាក់សំណល់ឱ្យបានត្រឹមត្រូវហើយក្រុមការងារជំនាញត្រូវបន្តសហការជាមួយមន្ទីរពាក់ពន្ធ័ និងអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យការងារសម្អាតសំណល់ប្រេង ដោយបន្តយកសំណាកទឹកនៅទីតាំងដែលអាចទទួលរងផលប៉ះពាល់មកវិភាគ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ករណីលេចធ្លាយប្រេងចេញពីទូរថភ្លើង បានកើតឡើងនាពេលនេះ ជាលើកទី២ ក្នុងរយៈពេលត្រឹមតែ៤ខែ ចុងក្រោយនៃឆ្នាំ២០២៥។ ករណីទី១ បានកើតឡើងនៅក្នុងសង្កាត់រុនតាឯក ក្រុងបាត់ដំបង នាខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ការស្តារបរិស្ថាន ទប់ស្កាត់ការបំពុលបរិស្ថាន ត្រូវចំណាយពេលយូរ ប្រើពេលរហូតដល់ទៅ៣ខែទើបអាចរៀបចំឱ្យមានភាពស្អាតឡើងវិញ និងទប់ស្កាត់ការប៉ះពាល់ដលបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីទី២នេះ បណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញលេចធ្លាយប្រេងមកក្រៅ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដោយសំណល់ប្រេងភាគច្រើនបានស្ថិតនៅលើទីតាំងដីចំណីផ្លូវរថភ្លើងដែលទំហំ ៦០០០ ម៉ែត្រការ៉េ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











