នៅ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ សហគមន៍នៅស្រុកថ្មបាំង បានទទួលសមិទ្ធផលថ្មីមួយទៀត ដោយការចាប់ផ្តើមសាងសង់ផ្លូវជនបទចំនួន ២ ខ្សែ មានបណ្តោយសរុប ៣២.១០ គីឡូម៉ែត្រ ដែលនឹងធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងជួយលើកកម្ពស់វិស័យទេសចរណ៍ និងវិនិយោគក្នុងតំបន់ឆ្នេរខេត្តកោះកុង។
ពិធីបើកការដ្ឋានសាងសង់នេះ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលមានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ផលិតកម្ម និងទេសចរណ៍នៅខេត្តកោះកុង។
ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ផ្លូវថ្មីទាំងនេះនឹងចូលរួមជំរុញការដំណើរការនៃសហគមន៍អេកូទេសចរណ៍ជីផាត ការទាក់ទាញភ្ញៀវទេសចរ ការបង្កើតការងារ ការលើកកម្ពស់ជីវភាព និងជួយពង្រឹងការតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ។ គម្រោងនេះត្រូវបានគាំទ្រដោយថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក។
សកម្មភាពថ្ងៃនេះក៏ទទួលបានការចូលរួមយ៉ាងកក់ក្តៅពី ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង តំណាងធនាគារពិភពលោក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋជាង ៨០០ នាក់ទៀត។
ឯកឧត្តម ហួត ហាក់ បានសម្ដែងការអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែសហការយ៉ាងជិតស្និទ្ធក្នុងការគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបញ្ជាក់ថា ផ្លូវថ្មីទាំងនេះនឹងក្លាយជាមូលដ្ឋានរឹងមាំបន្ថែមសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តាខេត្តនានា និងស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មឆ្នាំ ២០២១-២០២៥ របស់ខេត្តកោះកុង។
គម្រោងសាងសង់ផ្លូវជនបទនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតសរសៃឈាមសេដ្ឋកិច្ចថ្មី ដើម្បីជំរុញកំណើនទេសចរណ៍ធម្មជាតិ និងបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចដោយផ្ទាល់ទៅកាន់សហគមន៍ក្នុងតំបន់។
ដោយ៖ KPS99TV












