Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគតម្លៃ ១៥ លានដុល្លារត្រូវបានអនុម័ត បង្កើតការងារជាង ១,០០០ កន្លែងនៅខេត្តព្រះសីហនុ

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានរៀបចំកិច្ចប្រជុំ One-Stop Meeting ដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគថ្មីៗមួយចំនួន។ ក្នុងកិច្ចប្រជុំនេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមជាតំណាងរដ្ឋបាលខេត្ត រួមទាំងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំពិនិត្យនេះមានគោលបំណងវាយតម្លៃលើភាពសមស្រប សមត្ថភាពវិនិយោគ វេទយិតភាព និងលទ្ធភាពអនុវត្តន៍របស់គម្រោងដែលបានដាក់ស្នើមក ក.អ.ក ដើម្បីធានាថាគម្រោងទាំងនេះអាចរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់។

ជាលទ្ធផលបឋម អង្គប្រជុំបានឯកភាពផ្តល់ការអនុញ្ញាតជាគោលការណ៍ចំពោះគម្រោងវិនិយោគចំនួន ២ រួមមាន៖ រោងចក្រផលិតប្រេង ផលិតផលកៅស៊ូ និងរោងចក្រផលិតគ្រឿងតុបតែងលម្អសម្រាប់រដូវកាលបុណ្យណូអែល។

គម្រោងទាំងពីរនេះមានទុនវិនិយោគសរុបជាង ១៥លានដុល្លារអាមេរិក និងនឹងផ្តល់ឱកាសការងារជាង ១,០៣៩ កន្លែង នៅក្នុងខេត្តព្រះសីហនុ បង្កើនសក្តានុពលសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់។

អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តធ្វើការតាមដាន និងវាយតម្លៃបន្ថែម ដើម្បីធានាថាគម្រោងទាំងនេះអនុវត្តតាមបទប្បញ្ញត្តិ និងបង្កើតប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។

ដោយ៖ KPS99TV

Comments

Loading comments…