ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុបជាង ១៩៧ គីឡូម៉ែត្រ កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការបើកប្រើប្រាស់ផ្លូវជាតិសំខាន់នេះនឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់ បង្កើនល្បឿនដឹកជញ្ជូន និងបង្កើតឱកាសថ្មីសម្រាប់ការវិនិយោគ។ ព្រមជាមួយគ្នានេះ ផ្លូវជាតិលេខ ១០ នឹងទ្រទ្រង់ដល់ខ្សែផ្លូវទេសចរណ៍ព្រំប្រទល់រវាងតំបន់ព្រៃភ្នំ និងតំបន់ឆ្នេរខាងលិច ដោយផ្តល់ជាជម្រើសធ្វើដំណើរថ្មីសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
ផ្លូវនេះឆ្លងកាត់តំបន់ភ្នំខ្ពស់ និងជ្រលងអូរស្ទឹងធម្មជាតិជាច្រើន ដែលបង្កើតទេសភាពស្រស់ត្រកាល។ ជាពិសេស ស្ពានខ្ពស់មួយត្រូវបានកសាងឡើង ដើម្បីតភ្ជាប់ពីកំពូលភ្នំមួយទៅកំពូលភ្នំមួយ គួរឱ្យចាប់អារម្មណ៍ និងអាចក្លាយជាគោលដៅទេសចរណ៍ថ្មីក្នុងតំបន់។
ការអភិវឌ្ឍផ្លូវជាតិលេខ ១០ គឺជាចំណែកសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសំដៅលើការពង្រឹងសរសៃឈាមសេដ្ឋកិច្ច កែលម្អមូលដ្ឋានដឹកជញ្ជូន និងលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ។
ដោយ៖ KPS99TV












