បន្ទាប់ពីឃើញប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ បានបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពមិនគួរគប្បីរបស់បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានមួយគ្រឿង ម៉ាកLand Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលជាឡានឧកញ៉ា ធាង ទ្រី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ ខណៈលោកក៏បានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវទៀតផង។
បុគ្គល២នាក់ដែលជាអង្គរក្ស ជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ពីក្រោយហើយប្រើកាយវិការ ពាក្យសម្ដីមិនសរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវនោះ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសួរនាំ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ដោយសកម្មភាពរបស់ពួកគេទាំង២នាក់ បានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន៕
ដោយ៖ ប៉ៃ សុឃីម











