Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាសម្រេចដកខ្លួនពី ៨ ប្រភេទកីឡា ក្នុងស៊ីហ្គេម ២០២៥នៅថៃ ដើម្បីធានាសុវត្ថិភាពកីឡាករ

KPS99TVHistorical original · translation unavailable

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការថា កម្ពុជានឹងមិនចូលរួមប្រកួតក្នុងកីឡា ៨ ប្រភេទ ក្នុងស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រារព្ធនៅប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ ២០ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះទេ។

ក្នុងលិខិតផ្លូវការចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានផ្ញើជូន លោក Dato' Seri Chaiyapak Siriwat នាយកប្រតិបត្តិ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានជម្រាបជូនអំពីការសម្រេចចិត្តដកខ្លួនចេញពីការប្រកួតចំនួន ៨ ប្រភេទកីឡា ដោយកម្ពុជានឹងចូលរួមត្រឹមតែ ១៣ ប្រភេទកីឡាប៉ុណ្ណោះក្នុងស៊ីហ្គេមលើកនេះ។

NOCC និងក្រសួង បានថ្លែងអំណរគុណចំពោះ SEAGF និងគណៈកម្មាធិការរៀបចំស៊ីហ្គេមរបស់ប្រទេសថៃ (THASOC) សម្រាប់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ។

លិខិតដដែលបញ្ជាក់ថា ការកែតម្រូវនេះត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាព និងការការពារអត្តពលិក និងមន្ត្រីរបស់យើង។ ទោះបីជាមានការកាត់បន្ថយចាំបាច់នេះក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញារក្សាការចូលរួមរបស់ខ្លួននៅក្នុងកីឡា ដែលលក្ខខណ្ឌអនុញ្ញាតឱ្យមានការចូលរួមប្រកបដោយសុវត្ថិភាព។
NOCC ក៏បានថ្លែងអំណរគុណចំពោះការយល់ដឹង និងកិច្ចសហប្រតិបត្តិការរបស់ SEAGF និង THASOC ជាច្រើនផងដែរ។

តាមការបញ្ជាក់ពីប្រភព NOCC សម្រាប់ការសម្រេចចិត្តដ៏លំបាកនេះ ត្រូវបានធ្វើឡើងក្រោមអនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពអត្តពលិកកម្ពុជា និងកាត់បន្ថយហានិភ័យជាអតិប្បរ។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ NOCC បានស្នើសុំឱ្យបងប្អូនជនរួមជាតិយោគយល់ និងអធ្យាស្រ័យចំពោះការសម្រេចចិត្តដ៏លំបាកនេះ ដែលមានគោលបំណងការពារសុវត្ថិភាពកីឡាករ និងបន្តចូលរួមក្នុងស៊ីហ្គេមដោយមានទំនួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា កម្ពុជាធ្លាប់គ្រោងបញ្ជូនប្រតិភូ ៣៣៣ នាក់ លើ ២១ ប្រភេទកីឡា។ ប៉ុន្តែក្រោយការវាយតម្លៃហានិភ័យ កីឡា ៨ ប្រភេទត្រូវបានដកចេញ រួមមាន៖ បាល់ទាត់ (បុរស និងនារី) យូដូ ការ៉ាតេ បញ្ចសីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។ សម្រាប់ ១៣ ប្រភេទកីឡានៅសល់ ដែលកម្ពុជានឹងចូលរួម មានដូចជា៖ កីឡាហែលទឹក អត្តពលកម្ម គុនដាវ បាល់ទះ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ី តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ៕

ដោយ៖ KPS99TV

Comments

Loading comments…