ខេត្តព្រះសីហនុ៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារសន្តិសុខ និងសុវត្ថិភាពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងឱកាសដែលសម្ដេច និងលោកជំទាវគ្រោងនឹងអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលពិធីសម្ពោធ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយរោងចក្រមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម យូ ស៊ុនឡុង បានមានប្រសាសន៍សង្កត់ធ្ងន់លើការត្រួតពិនិត្យទីតាំងសម្រាប់កម្មវិធីរៀបចំសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់ភាគីត្រូវរៀបចំផែនការ ការពារសន្តិសុខនៅតាមតំបន់នីមួយៗ ដោយមានការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីឲ្យកម្មវិធីទាំងមូលទទួលបានជោគជ័យតាមការគ្រោងទុក។
សូមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គឺមានរយៈពេលជាង ៧ខែ តាមការគ្រោងទុក។ គម្រោងនេះមានទុនវិនិយោគជាង៣១លានដុល្លារ និងជារោងចក្រដំឡើងរថយន្តទី៦នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន ក្រុមហ៊ុនBYD ត្រូវបានគេចាត់ទុកជាក្រុមហ៊ុនធំជាងគេលំដាប់ទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដំណើរការរោងចក្រនេះបានដោយសារ មានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនក៏បានគ្រោងទុកថា នៅឆ្នាំ២០២៦ ខាងមុខនេះនឹងផលិតរថយន្តអគ្គិសនីឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗផងដែរ៕
ដោយ ៖ ប៉ៃ សុឃីម















