Skip to main content
Preah Sihanouk Provincial Television
Log in

គិតត្រឹមថ្ងៃនេះគុនល្បុក្កតោបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិគម្រប់៣ឆ្នាំហើយ!

KPS99TVHistorical original · translation unavailable

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះជាថ្ងៃខួប៣ឆ្នាំ គុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ទន្ទឹមគ្នានេះ ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នជាច្រើនបានបង្ហោះសារអបអរសាទរក្នុងឱកាសខួបប៣ឆ្នាំនេះដែរ។ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារនៅលើបណ្តាញតេឡេក្រាមផ្លូវការថា «អបអរសាទរខួបលើកទី៣ឆ្នាំ គុនល្បុក្កតោត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។ 

ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង២២៖៣១នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារុក។ ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យ និងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែរបស់រដ្ឋាភិបាលកម្ពុជា។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ហើយបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែលបានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

គួរបញ្ជាក់ថា សម្បត្តិវប្បធម៌ខ្មែរដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន៖

ផ្នែករូបី៖
១. ប្រាសាទនៅតំបន់អង្គរ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នោទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច។
២. ប្រាសាទព្រះវិហារ ត្រួវបានដាក់បញ្ចូលកាលពី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
៣. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។
៤. ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
៥. រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាបេតិភណ្ឌវប្បធម៌ UNESCO កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ផ្នែកអរូបី៖
១. របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្គន់ប៊ុលប្រទេសតួគី។
២. ល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥ នៅទីក្រុងប៉ារីសប្រទេសបារាំង។
៣. រឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវប្រទេសចិន។
៤. ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅទីក្រុងវិនហុក ប្រទេសណាមីប៊ី។
៥. ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី៣០ ខែ វិច្ឆិការ ឆ្នាំ ២០១៦ នៅទីក្រុងអាឌីសអាបាបាប្រទេសអេត្យូពី។
៦.ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស។
៧. គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក៕ 

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…