មុខសញ្ញារក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ដែលជាក្មេងទំនើងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីអនុវត្តនីតិវិធី។ ការឈានទៅដល់ការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងរូបនេះ ដោយសារក្មេងទំនើងម្នាក់នេះបានថតរូបដេកអោបដាវ រួចបង្ហោះចែកចាយលើបណ្តាញសង្គម។ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ការស្រាវជ្រាវឃាត់ខ្លួននេះ បានធ្វើឡើងបទបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ។ ចំណែក ក្មេងទំនើងដែលឃាត់ខ្លួនបានម្នាក់នេះ មានឈ្មោះ សុផល វាសនា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Djz Fong បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនជ័យ និងជាអ្នកបង្ហោះ Storry កាន់ដាវមួយដើមផងដែរ។
ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាក់ថា ប្រតិបត្ដិការនេះ សមត្ថកិច្ចដកហូតបានដាវ ១ដើម និងម៉ូតូ ១គ្រឿង ម៉ាកCRF។ ក្រោយសមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងរូបនេះ បានសារភាពថា មូលហេតុដែលរូបគេថតកាន់ដាវរួចបង្ហោះនោះ គឺដើម្បីធ្វើការគំរាមទៅអ្នកដែលធ្វើការនៅក្នុងរោងចក្រជាមួយគ្នាឱ្យប្រយ័ត្នខ្លួន ក្រោយពីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់ខ្លួន។ បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីបន្ដនីតិវិធី៕ ដោយ៖ ង៉ែត ពិសាន្ត












