Skip to main content
Preah Sihanouk Provincial Television
Log in

ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖មន្ត្រីយុត្តិធម៌ប្រកាន់ជំហរមួយច្បាស់លាស់ ដើម្បីជួយរាជរដ្ឋាភិបាល គឺមិនបណ្តោយឱ្យត្រី១ដែលស្អុយនាំឱ្យស្អុយត្រី១កន្ត្រក់នោ

KPS99TVHistorical original · translation unavailable

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរំឭកដាក់វិធានការម៉ឹងម៉ាត់ដាច់ខាត់ចំពោះគ្រឿងញៀនព្រោះវាមិនមែនបំផ្លាញតែសន្តិសុខទេវាក៍បំផ្លាញប្រទេសជាតិតាមរយៈ បំផ្លាញធនធានមនុស្ស យុវជនរបស់យើង ដែលជាទំពាំងស្នងឬស្សី ហើយបើមានពាក្យបណ្តឹង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម មានពាក់ព័ន្ធផលប្រយោជន៍ក្នុងរឿងគ្រឿងញៀន លោកមិនលើកលែងនោះទេ និងប្រមូលឯកសារពាក់ព័ន្ធបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយភ្លាម ដូចនេះសូមប្រកាន់ជំហរមួយច្បាស់លាស់គាំទ្រនៅអ្វីជាការឯកភាពគ្នា ដើម្បីជួយដល់រាជរដ្ឋាភិបាល គឺមិនបណ្តោយឱ្យត្រី១ដែលស្អុយ នាំឱ្យស្អុយត្រី១កន្ត្រក់នោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានក្រើនរំឭកយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនាថ្ងៃទី២ខែធ្នូឆ្នាំ២០២៥។

តាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាសបង្គាប់ផ្ទេរភារកិច្ចនិងតែងតាំង ឯកឧត្ត គឹម រ័ត្នណារិន ពីប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងមកជាប្រធានសាលាដំបូងខេត្តព្រះសីហនុជំនួយ ឯកឧត្តម កោ វណ្ឌី ផ្ទេរភារកិច្ចទៅខេត្តកំពង់ចាមនិងតែងតាំង ឯកឧត្តម លាវ ស្រេង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុជំនួស ឯកឧត្តម សៀង សុខ ត្រូវបានផ្ទេរភារកិច្ចទៅកាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ឯកឧត្តមបានណែនាំដល់ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដែលទើបប្រកាសផ្ទេរនិងចូលកាន់មុខតំណែងថ្មី ក៏ដូចជាឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន តុលាការព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម និងក្រឡាបញ្ជី សាលាដំបូងរាជធានី ខេត្ត ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង ក្នុងការដឹកនាំអង្គភាពស្ថាបនរបស់ខ្លួនឱ្យបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការជិតស្និតជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរនិងស្ថាបនពាក់ព័ន្ធ។ ត្រូវបន្តប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។ ចៅក្រមទាំង

អស់ត្រូវពង្រឹងនូវគុណភាពនៃការចាត់ការសំណុំរឿងដែលកំពុងទទួលបន្ទុកឱ្យបានត្រឹមត្រូវនិងយុត្តិធម៌ស្របតាមច្បាប់និងនីតិវិធី ។ ជាពិសេសត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម សាលដីកាឱ្យបានឆាប់រហ័ស ត្រឹមត្រូវតាមក្បួនខ្នាតងាយយល់និងមានសំអាងហេតុ សំអាងច្បាប់ឱ្យបានច្បាស់លាស់គ្រប់គ្រាន់។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តល់នូវកិច្ចសហការពេញលេញក្នុងការធានាដល់ប្រសិទ្ធិភាពនៃការអនុវត្តសេចក្តីសម្រេចស្ថាពររបស់តុលាការទាំងផ្នែករដ្ឋប្បវេណីទាំងផ្នែកព្រហ្មទណ្ឌសំដៅលើកកម្ពស់ជំនឿទុកចិត្តលើមន្ត្រីអនុវត្តច្បាប់និងជាពិសេសធានានូវភាពយុត្តិធម៌ដល់ភាគីដែលឈ្នះក្តីដ៏ត្រឹមត្រូវ។

ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ត្រូវខិតខំដោយស្មារតីស្វាហាប់ក្នុងយុទ្ធនាការជម្រុញនិងពន្លឿនការដោះស្រាយរឿងក្តីនិងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដោយប្រកាន់នូវភាពត្រឹមត្រូវ ម៉ឺងមាត់និងយុត្តិធម៌ ស្របតាមទិសដៅនៃការកែទម្រងប្រព័ន្ធយុត្តិធម៌ដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺឈរលើសរសរស្តមពី៖ ១.គឺធ្វើយ៉ាងណាដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទី២.គឺការលើកកម្ពស់គុណភាពប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឱ្យស្ថាបនតុលាការ ក្លាយជាបង្អែកដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌នៅក្នុងសង្គម។

ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្នកដែលបុកគេស្លាប់ បង់លុយហើយរួចខ្លួននោះមិនឲ្យមានទៀតទេចាប់ពីពេលនេះតទៅគឺត្រូវអនុវត្តឱ្យបានម៉ឺងមាត់តាមច្បាប់ជាធរមាន។

មានប្រសាសន៍នាឱកាសនោះឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ  បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ  ជាពិសេសឯកឧត្តម កោ វណ្ឌី និងឯកឧត្តម សៀង សុខ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដោយមិនគិត ពីការនឿយហត់ចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច បានល្អ ជាពិសេសបានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ និង អបអរសាទរស្វាគមន៍ចំពោះ ឯកឧត្តម គឹម រ័ត្នណារិន និងឯកឧត្តម  លាវ ស្រេង ក្នុងការអនុវត្តតួនាទីភារកិច្ចថ្មី ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់ជំនឿចិត្តពីសាធារណជនលើប្រព័ន្ធយុត្តិធម៌ ក៏ដូចជាលើកកម្ពស់កិត្យានុពលភាព នៃការអនុវត្តច្បាប់នៅកម្ពុជា និងនិយាយដោយឡែកនៅខេត្តព្រះសីហនុ ធានាបានយុត្តិធម៌សង្គម និងភាពសុខដុមរមនាជូនប្រជាជន៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…