ការប្រឈមមុខដាក់គ្នាឡើងវិញនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ”ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចឡើងវិញ រវាងកម្ពុជា និងថៃ ដោយអាវុធធន់ធ្ងន់ និងយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កឱ្យប្រជាពលរដ្ឋ ជនស៊ីវិលរងរបួស និងបាត់បង់ជីវិត ការបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ជាពិសេសការវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិរួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី សូមអំពាវនាវឱ្យយោធានៃប្រទេសទាំងពីរបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ការពារបេតិកភណ្ឌវប្បធម៌ជាតិ និងអន្តរជាតិដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរដោយការប្រើប្រាស់កម្លាំងយោធា និងប្តេជ្ញាចិត្តដោយស្មោះត្រង់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពនូវសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចរបស់ខ្លួនចំពោះច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសអនុសញ្ញាឆ្នាំ១៩៧២ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដើម្បីនាំមកនូវសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី គាំទ្រដល់ជម្រើសលើកកម្ពស់ការផ្សះផ្សា ដំណោះស្រាយការទូត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីការកសាងសន្តិភាព ទំនុកចិត្ត វិបុលភាព និងឯកភាពនៃទ្វីបអាស៊ីដែលមានអរិយធម៌ដ៏រុងរឿង៕
ដោយ៖ ប៉ៃ សុឃីម











