ឯកឧត្តម ម៉ាង ស៊ីណេត បានប្រកាសប្តេជ្ញាដោះស្រាយការលំបាករបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់ជូនពួកគាត់ ដើម្បីឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ដែលបានបម្រើនិងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។ ការប្តេជ្ញាចិត្តរបស់អភិបាលខេត្តព្រះសីហនុរូបនេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិកាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដោយឯកឧត្តម ម៉ាង ស៊ីណេត ត្រូវបានតែងតាំងជាប្រធានក្រោមអធិបតីភាពឯកឧត្តម អ៊ុក ឃ្មួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត ដែលទើបតែងតាំងជាប្រធានគណៈកម្មាធិកាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានប្រកាសប្តេជ្ញានៅចំពោះមុខអតីយុទ្ធជន និងនិវត្តជនប្រមាណជាង២០០នាក់ដែលចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះថា នឹងខិតខំប្រឹងប្រែងកៀរគរសប្បុរសជន និងអ្នកពាក់ព័ន្ធឱ្យជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារពួកគាត់ដែលកំពុងជួបប្រទះការលំបាក។ ឯកឧត្តម ក៏បានប្តេជ្ញាជំរុញឱ្យគ្រប់មន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ជាពិសេសយុទ្ធជន យុទ្ធនារីដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនមានពិការភាពនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ជេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
លើសពីនេះ ឯកឧត្តមប្រធានបានប្តេជ្ញាចូលរួមអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន ដោយបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តជំរុញអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទាដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
បើតាមឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់បន្ថែមថា នឹងដឹកនាំចាត់ចែងសម្របសម្រួលការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ អនុវត្តតួនាទី ភារកិច្ចឱ្យបានម៉ឺងម៉ាត់ គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់ថ្នាក់ដឹកនាំសមាគម។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈសមាគមដោយពង្រឹង និងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជន ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ គឺ៖ ១. ការធ្វើសេដ្ឋកិច្ចល្អ, ២. ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ, ៣. ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






















