ថ្ងៃទី២៤ ខែមីនា ក្រសួងការពារជាតិកម្ពុជា បានចេញមកច្រានចោលការអះអាងរបស់ប្រធានចារកម្មថៃដែលចោទថា កម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣។ ការចេញមកទាត់ចោលដូច្នេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ Khaosod English បានដកស្រង់សម្តីរបស់ ប្រមុខចារកម្មកងទ័ពថៃ លោកឧត្តមសេនីយ៍ឯក Thiranan Nuntakhwang ដោយព្រមានថា ជម្លោះជុំទីបីជាមួយកម្ពុជាអាចនឹងកើតឡើង ដោយចង្អុលទៅលើការទិញអាវុធទ្រង់ទ្រាយធំពីអឺរ៉ុបខាងកើត និងប្រព្រឹត្តការបោះឆ្នោតឆ្នាំ២០២៧របស់ប្រទេសកម្ពុជា។ ប្រមុខចារកម្មរូបនេះ ក៏បានព្រមានពីការផ្ទុះសង្គ្រាមជុំទី៣ក្នុងរយៈពេល ៤ទៅ៥ខែទៀត បន្ទាប់ពីរដូវវស្សាផងដែរ។
ប៉ុន្តែយ៉ាងណា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានទាត់ចោលអះអាងនេះ និងចាត់ទុកសម្តីរបស់ប្រធានចារកម្មថៃគឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋានតែប៉ណ្ណោះ។
លោកជំទាវអះអាងថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យរូបបន្ថែមថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕
ដោយ៖ ង៉ែត ពិសាន្ត








