Skip to main content
Preah Sihanouk Provincial Television
Log in

មន្ទីរកសិកម្ម ខេត្តព្រះសីហនុបង្កើត “មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ” ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានបង្កើត “មជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ” ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជូនសហគមន៍តំបន់ឆ្នេរ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានថ្លែងដូចនេះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ និងចូលរួមប្រលែងកូនក្តាម ត្រីឆ្គង់ និងបង្គា នៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា ក្រោមការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មន្ទីរកសិកម្មខេត្តបានជំរុញការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បី៖
• បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចផ្នែកវារីវប្បកម្មសមុទ្រ
• បង្កើនប្រាក់ចំណូលប្រជាសហគមន៍តំបន់ឆ្នេរ
• សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ដើម្បីយកគំរូអនុវត្តតាម
លោកបានបន្ថែមថា ការបើកមជ្ឈមណ្ឌលនេះ គឺជាជំហានដំបូង និងជាការសាកល្បង ដោយបានចម្លងបច្ចេកទេសពីក្រៅមកធ្វើការសិក្សាស្រាវជ្រាវ។ រហូតមកដល់ពេលនេះ មានរយៈពេល៣ខែកន្លះ មជ្ឈមណ្ឌលបានអនុវត្តការចិញ្ចឹមចំនួន៤ស្រះ ក្នុងនោះ៖
• ស្រះទី១ ចិញ្ចឹមត្រីឆ្គង់ បានរយៈពេលជាង២ខែ
• ស្រះទី២ ចិញ្ចឹមក្តាមលាយជាមួយបង្គា
• ស្រះទី៣ និងទី៤ ចិញ្ចឹមក្តាម និងបង្គា ដែលទើបចាប់ផ្តើមប្រលែងនាពេលនេះ
បច្ចុប្បន្ន មជ្ឈមណ្ឌលកំពុងបន្តពង្រីកស្រះរហូតដល់៧ស្រះ លើផ្ទៃដីសរុបប្រមាណ១៦ហិកតា។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការចិញ្ចឹមក្តាម បង្គា និងត្រី នៅមជ្ឈមណ្ឌលនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញ និងគាំទ្របន្ថែមដល់មន្ទីរកសិកម្ម និងមន្ត្រីជំនាញ ឲ្យខិតខំធ្វើយ៉ាងណាឲ្យការចិញ្ចឹមទទួលបានជោគជ័យ ដើម្បីជំរុញកំណើនវារីវប្បកម្មសមុទ្រ ឲ្យទទួលបានទិន្នផលខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងអាចពង្រីកទៅកាន់ទីផ្សារក្រៅខេត្តនាពេលខាងមុខ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

Comments

Loading comments…