ការអភិវឌ្ឍខ្សែច្រវាក់តម្លៃពីដើមត្នោត មិនត្រឹមតែជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញសេដ្ឋកិច្ចបៃតង ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ នេះបើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការក្លាយជាប្រទេសដំបូងនៅតំបន់អាស៊ាន ដែលអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីដើមត្នោតចំនួន ១លានដើម នាពេលអនាគតដ៏ខ្លីខាងមុខ។
ឯកឧត្តមបញ្ជាក់ថា ដើមត្នោតមួយដើម អាចផលិតស្ករត្នោតបានជាមធ្យមប្រមាណ ២៥គីឡូក្រាម ដែលជាផលិតផលមានតម្លៃ និងមានតម្រូវការកើនឡើងលើទីផ្សារ។ ក្រៅពីនេះ ទឹកសេរ៉ត្នោតក៏ជាផលិតផលថ្មីមួយ ដែលមានសក្តានុពលខ្ពស់សម្រាប់ការកែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាមួយគ្នានេះ សេដ្ឋកិច្ចបៃតងដែលផ្អែកលើអត្តសញ្ញាណ និងធនធានក្នុងស្រុក កំពុងបង្ហាញសញ្ញារីកចម្រើន និងអាចក្លាយជាកម្លាំងសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ៕
ដោយ៖ ប៉ៃ សុឃីម











