Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ មុខសញ្ញាបទល្មើស លួច ឆក់ ប្លន់ និងជួញដូរគ្រឿងញៀន

KPS99TVHistorical original · translation unavailable

ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់វិធានការឱ្យមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខទាំងអស់ បង្កើនការយកចិត្តទុកដាក់ ពង្រាយកម្លាំង ពួនស្ទាក់ កំណត់មុខសញ្ញា និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ និងជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៤:០០ទៀបភ្លឺ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះពង្រាយ ពួនស្ទាក់ និងកំណត់មុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងគាស់ផ្ទះយ៉ាងសកម្មក្នុងក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឌី ភាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្លូវជាតិលេខ៤ ច្រកចូលមន្ទីរវប្បធម៌ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខណៈកំពុងធ្វើសកម្មភាពលួចកាត់ដំបូលហ្គារ៉ាស់សាំងទុកចោលមួយកន្លែង។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបទល្មើស និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលជាផលចោរកម្ម។

បន្ទាប់មក រហូតដល់វេលាម៉ោង ៨:៤៤នាទីព្រឹកថ្ងៃដដែល កម្លាំងអាវុធហត្ថបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ទៀត រួមមាន៖

១- ឈ្មោះ បុល បាត់ ភេទប្រុស អាយុ៣៧ឆ្នាំ

២- ឈ្មោះ មាស មករា ភេទប្រុស អាយុ២៦ឆ្នាំ

៣- ឈ្មោះ ផឿន បន ភេទប្រុស អាយុ២៥ឆ្នាំ

៤- ឈ្មោះ ចាន់ រ៉ន ភេទប្រុស អាយុ៥២ឆ្នាំ

ជនសង្ស័យទាំង៤នាក់ សុទ្ធតែមានមុខរបរមិនពិតប្រាកដ និងត្រូវបានឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពហែករបងចូលលួចសម្ភារក្នុងអគារទុកចោលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតឧបករណ៍ និងមធ្យោបាយប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ព្រមទាំងវត្ថុតាងមួយចំនួនទៀតដែលជាផលចោរកម្ម។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…