Skip to main content
Preah Sihanouk Provincial Television
Log in

ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី និងរតនគិរី សាងសង់ជិតបញ្ចប់ ១០០% លើផ្លូវប្រវែងជាង ២៦០ គីឡូម៉ែត្រ

KPS99TVHistorical original · translation unavailable

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី សម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនោះ ខេត្តមណ្ឌលគិរីសម្រេចបាន ១០០% ខណៈខេត្តរតនគិរីសម្រេចបាន ៩១,៤៨%។
ក្នុងរយៈពេលប្រមាណ ១៧ ខែ ក្រុមការងារ (ក.គ.ម) បានដាក់ពង្រាយកម្លាំងវិស្វកម្មចំនួន ៨ កងឯកភាព និងប្រើប្រាស់រថយន្ត គ្រឿងចក្រ និងម៉ាស៊ីនសរុប ២៨៦ គ្រឿង ដើម្បីអនុវត្តការងារសាងសង់ផ្លូវ។
លទ្ធផលជាក់ស្តែងបានបង្ហាញថា ការឈូសព្រៃទទឹង ៥ ម៉ែត្រ សម្រេចបានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ ខណៈការឈូសផ្លូវទទឹង ២០ ម៉ែត្រ សម្រេចបាន ២៥៤,៩០ គីឡូម៉ែត្រ។ ការកសាងតួផ្លូវសម្រេចបាន ២៥២,៩០ គីឡូម៉ែត្រ និងការចាក់ក្រាលកម្ទេចថ្ម-កិនបង្ហាប់សម្រេចបាន ២៤២,៩ គីឡូម៉ែត្រ។
ក្រៅពីផ្លូវ ក្រុមការងារក៏បានសាងសង់សំណង់សិល្បការជាច្រើន រួមមាន លូប្រអប់ ៤១ កន្លែង ស្មើនឹង ៣៧១,៧ ម៉ែត្រ, លូមូលបេតុង ៣៥៤ កន្លែង, សំណង់បេតុងរក្សាទឹកចំនួន ១២ កន្លែង និងស្ពានបេតុង ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។
ក.គ.ម បានបញ្ជាក់ថា ប្រវែងផ្លូវសាងសង់ជាក់ស្តែងបានកើនដល់ ២៦៤,៤០ គីឡូម៉ែត្រ លើសផែនការដើម ២៥០ គីឡូម៉ែត្រ ដោយសារត្រូវកែសម្រួលទៅតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង។
ជាមួយគ្នានេះ ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក៏បានកើនឡើងផ្ទៃដីទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ។ ក្រុមការងារបានរកឃើញគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួន ១០៦ គ្រាប់ និងលោហធាតុជាង ១ តោន ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៤៣ គ្រាប់។
បច្ចុប្បន្ន ក្រុមការងារកំពុងបន្តថែទាំផ្លូវដែលសាងសង់រួចនៅខេត្តមណ្ឌលគិរី ដើម្បីធានាគុណភាពក្នុងរដូវវស្សា និងជំរុញល្បឿនសាងសង់នៅខេត្តរតនគិរីឱ្យបានឆាប់រហ័ស។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាប្រមាណ ២៧ លានដុល្លារ ពីការបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរី និងរតនគិរី។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងបញ្ចប់ការសាងសង់ផ្លូវក្រវាត់ព្រំដែនដែលនៅសល់ជាង ១,៣០០ គីឡូម៉ែត្រ ទៀត ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នសម្រេចសាងសង់បានជាង ១,៣០០ គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុបជាង ២,៦៦០ គីឡូម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…