Skip to main content
Preah Sihanouk Provincial Television
Log in

កាតព្វកិច្ចយោធាឆ្នាំ២០២៦ អាយុ១៨ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា លើកលែងករណីពិសេស

KPS99TVHistorical original · translation unavailable

ភ្នំពេញ៖ អនុក្រឹត្យថ្មីស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា បានផ្តល់ជម្រើសដ៏ល្អមួយសម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
យុវសិស្សអាចស្ម័គ្រចិត្តចូលបម្រើកងទ័ពភ្លាមៗ ឬអាចស្នើសុំ ពន្យារពេលរហូតដល់ ៤ឆ្នាំ ប្រសិនបើពួកគេមានបំណងបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
ការបញ្ជាក់នេះ ធ្វើឡើងដោយយោងតាមប្រសាសន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីកំឡុងចុងខែឧសភា ឆ្នាំ២០២៦នេះ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការដាក់ឱ្យប្រើប្រាស់ព្រះរាជក្រមស្តីពី «កាតព្វកិច្ចយោធា» ថ្មី។
ច្បាប់នេះកំណត់ថា៖
• យុវជនខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៨ដល់២៥ឆ្នាំ ត្រូវមានកាតព្វកិច្ចចូលបម្រើយោធា (រួមទាំងពលរដ្ឋដែលមានសញ្ជាតិច្រើន ហើយកំពុងរស់នៅកម្ពុជា)។
• ចំពោះស្ត្រី ការចូលបម្រើកាតព្វកិច្ចយោធា គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
• បេក្ខជនត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។
យ៉ាងណាមិញច្បាប់នេះក៏មានការលើកលែងពីកាតព្វកិច្ចយោធាផងដែរ ចំពោះបុគ្គលដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
• ព្រះសង្ឃ និងបព្វជិតសាសនា៖ ដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងធម្មការនិងសាសនា។
• អ្នកមានទេពកោសល្យពិសេស៖ បុគ្គលដែលមានសមត្ថភាពលេចធ្លោ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មានការបញ្ជាក់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច)។
• អ្នកឯកទេសជំនាញ៖ ដែលបានចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ឬអនុវត្តការងារបម្រើផលប្រយោជន៍សាធារណៈដល់កងយោធពលខេមរភូមិន្ទ ក្នុងទំហំពេលវេលាស្មើនឹងការធ្វើកាតព្វកិច្ចយោធា។
• អតីតយោធិន៖ អ្នកដែលធ្លាប់បានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ស្របតាមច្បាប់ជាធរមាន។
• អ្នកមានបញ្ហាសុខភាព៖ បុគ្គលដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយមានការត្រួតពិនិត្យ និងបញ្ជាក់យ៉ាងត្រឹមត្រូវពីគណៈកម្មការសុខាភិបាល៕ ដោយ៖ ឡាយ កុល

Comments

Loading comments…