Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នាំអំណោយចែកជូនពលរដ្ឋ ៦៥០គ្រួសារ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅស្រុកភ្នំស្រួច

KPS99TVHistorical original · translation unavailable

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់ព្រះសង្ឃនៅវត្តបាំងស្លឹក និងចែកជូនប្រជាពលរដ្ឋចំនួន ៦៥០គ្រួសារ ក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតដើម្បីការពារជាតិ និងបួងសួងឱ្យកម្ពុជាបន្តមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីការផ្តល់អំណោយជូនពលរដ្ឋ ឯកឧត្តម និងលោកជំទាវ ក៏បានយកចិត្តទុកដាក់លើវិស័យអប់រំ និងសុខុមាលភាពផងដែរ ដោយបានចែកកាតាប សម្ភារៈសិក្សា និងចំណីអាហារជូនសិស្សានុសិស្សចំនួន ៣៨៧នាក់ ផ្តល់វ៉ែនតា ៦១០វ៉ែនតា និងថ្នាំបន្តក់ភ្នែក ៧៨០ដប ជូនអ្នកមានបញ្ហាភ្នែក ព្រមទាំងប្រគល់រទេះរុញចំនួន ៣គ្រឿងដល់ជនពិការ។
សម្រាប់វត្តបាំងស្លឹក ទទួលបានទេយ្យវត្ថុជាច្រើនមុខ រួមមានអង្ករ មី គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យចំនួន ២លានរៀល ដើម្បីទ្រទ្រង់សកម្មភាពព្រះពុទ្ធសាសនា។
ដោយឡែក ប្រជាពលរដ្ឋចំនួន ៦៥០គ្រួសារ ម្នាក់ៗទទួលបានអំណោយជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគ អង្ករ ២៥គីឡូក្រាម មី ត្រីខ ធុងទឹក និងថវិកា ៥ម៉ឺនរៀល សម្រាប់ជួយសម្រួលជីវភាពរស់នៅផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…