Skip to main content
Preah Sihanouk Provincial Television
Log in

សិស្សបង្ក២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយព្រួតវាយសិស្សម្នាក់នៅវិទ្យាល័យច្បារអំពៅ

KPS99TVHistorical original · translation unavailable

ករណីហិង្សានៅវិទ្យាល័យច្បារអំពៅ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមសិស្សសាលាបង្កបានចំនួន២នាក់ក្រោយព្រួតវាយសិស្សម្នាក់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនសិស្សប្រុស២នាក់ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីហិង្សាព្រួតគ្នាវាយសិស្សម្នាក់នៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម។

យោងតាមពាក្យបណ្តឹងរបស់សិស្សរងគ្រោះ ឈ្មោះ សូនី ហេងលី ភេទប្រុស ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនសិស្សបង្ក២នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ ទី១. ឈ្មោះ សុខ វិជ្ជា ភេទប្រុស ជាសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងទី២.ឈ្មោះ តឹក សុវណ្ណរ័ត្នមុនី ភេទប្រុស ជាសិស្ស ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែក បុគ្គលពាក់ព័ន្ធផ្សេងទៀតដែលមានវត្តមានក្នុងសកម្មភាពហិង្សានោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដំបូងនៃអំពើហិង្សានេះ គឺបណ្តាលមកពីការនិយាយពាក្យសម្តីឌឺដងដាក់គ្នា។ បច្ចុប្បន្ន សិស្សបង្កទាំងពីរនាក់ខាងលើកំពុងត្រូវបានសមត្ថកិច្ចសាកសួរតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…