ខេត្តព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារកីឡាពី មូលនិធិចិន ដើម្បីអភិវឌ្ឍជនបទ (CFPD) ជូនដល់សាលារៀនក្នុងខេត្តចំនួន៣ រួមមាន ខេត្តព្រះសីហនុ, កំពត និង កែប ពិធីនេះបានប្រព្រឹត្តទៅនៅ សាលាអនុវិទ្យាល័យសម្តេចឪ នាព្រឹកថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភសម្ភារកីឡាពីមូលនិធិ CFPD ដោយចាត់ទុកថា ជាការចូលរួមដ៏មានតម្លៃក្នុងការលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ក្រោមស្មារតី «មិត្តដែកថែប» និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានានៃប្រទេសចិនចំនួន ២៣។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យកីឡា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានរួមចំណែកលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ
បានថ្លែងអំណរគុណដល់មូលនិធិ CFPD ដែលបាននាំយកសម្ភារកីឡាមកប្រគល់ជូនសាលារៀនក្នុងខេត្តជាប់តំបន់ឆ្នេរទាំងបី។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យអប់រំគឺជាគន្លឹះសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងជាមូលដ្ឋានសំខាន់ក្នុងការកសាងអនាគតប្រទេសជាតិប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីចក្ខុវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់មានគុណភាពជីវិតល្អ ដោយផ្តោតលើការកែលម្អបរិស្ថានសាលារៀន ការបង្កើតទីធ្លាសិក្សា និងកីឡាប្រកបដោយស្តង់ដារ ការលើកកម្ពស់អនាម័យ និងការកសាងសហគមន៍គ្មានគ្រឿងញៀន គ្មានក្មេងទំនើង គ្មានអំពើលួចឆក់ប្លន់ គ្មានអំពើហិង្សានិងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្ថែមថា សាលារៀនត្រូវក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ចំណេះដឹង បំណិនជីវិត គុណធម៌ និងចរិយាធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលអនាគត។ ការផ្តល់សម្ភារកីឡាលើកនេះ ក៏ជាការរួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅខេត្តព្រះសីហនុ កំពត និងកែប ឱ្យកាន់តែរីកចម្រើនផងដែរ៕
អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត


























