(ភ្នំពេញ) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។
ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។
ក្រសួងការពារជាតិបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ ចិន្តា ទីទិ








