Skip to main content
Preah Sihanouk Provincial Television
Log in

គ្រូ និងសិស្សអំពាវនាវឱ្យសាធារណជនចូលរួម TVET Day លើកទី៩ ដើម្បីស្វែងយល់ពីឱកាសជំនាញ ការងារ និងប្រាក់ចំណូល

KPS99TVHistorical original · translation unavailable

នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ នឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនេះ គ្រូបណ្តុះបណ្តាល និងសិស្សនិស្សិតក្នុងវិស័យ TVET បានអំពាវនាវដល់សាធារណជន ជាពិសេសយុវជន សិស្ស និស្សិត និងអាណាព្យាបាល អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ គ្រូបណ្តុះបណ្តាល និងសិស្សនិស្សិតរបស់វិទ្យាស្ថាន បានត្រៀមខ្លួនរួចរាល់សម្រាប់ការដាក់តាំងបង្ហាញស្នាដៃ គំរូបច្ចេកទេស និងសមិទ្ធផលនានា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម និងទីផ្សារការងារ។ ជាពិសេស TVET ជាស្ពានភ្ជាប់យុវជនទៅកាន់ជំនាញវិជ្ជាជីវៈពិតប្រាកដ ដែលអាចបង្កើនឱកាសការងារ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព។
ចំណែកសិស្សនិស្សិតដែលកំពុងសិក្សាជំនាញ TVET និងត្រៀមដាក់តាំងបង្ហាញស្នាដៃក្នុងកម្មវិធីនេះ បានបង្ហាញក្តីសោមនស្សរីករាយចំពោះឱកាសចូលរួម និងចែករំលែកចំណេះដឹងដែលខ្លួនបានសិក្សា។ ពួកគេក៏បានអំពាវនាវដល់យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនទូទៅ ចូលរួមទស្សនាកម្មវិធី ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការសិក្សាជំនាញ ឱកាសអាហារូបករណ៍ ការងារ និងការអភិវឌ្ឍអាជីពនាពេលអនាគត។
សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតម្លៃ និងសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលជំនាញ ដែលជាជម្រើសដ៏មានសក្តានុពលសម្រាប់យុវជនក្នុងការកសាងអាជីព និងជីវភាពរស់នៅប្រកបដោយភាពរឹងមាំ និងចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…