ក្រសួងកសិកម្ម បានបញ្ជាទិញបន្លែជាង៨តោនពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីយកទៅផ្គត់ផ្គង់ដល់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែន។ ដំណើរការនៃការបញ្ជាទិញបន្លែនេះ ត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃពីរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ។
នៅថ្ងៃទី២២ ខែកក្កដា រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២គ្រឿង បានដឹកបន្លែជាង ៨តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះគឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរនេះ។
ការណ៍នេះ ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដែលការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់កងកម្លាំងជួរមុខដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់ប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានស្ម័គ្រចិត្តជួយដឹកជញ្ជូននេះដោយឥតគិតថ្លៃ។ ក្រសួង នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន ៧តោនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ ង៉ែត ពិសាន្ត










