(សៀមរាប)៖ ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រ កំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវ ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ ជាប្រចាំឆ្នាំអាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។
សម្រាប់គម្រោងជួសជុលដំណាក់កាលទី៩នេះ បានចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ លោកស្រី នង បូរ៉ាវី បានគូសបញ្ជាក់ថា ស្ថានភាពការខូចខាតនៅច្រាំងកសិន្ធុនេះបណ្តាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំបណ្តាលឱ្យគ្រឹះខាងក្រោមខូចខាត ធ្វើឱ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។ កត្តារុក្ខជាតិ និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្មឱ្យខូចទម្រង់ដើមផងដែរ។
ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះមានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន ៣កាំ។ ក្រោយពេលជួសជុលរួចរាល់ នឹងជួយលើកតម្លៃច្រាំងកសិន្ធុអង្គរវត្តឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាពកាន់តែច្រើនបន្ថែមទៀត៕
ដោយ៖ ធី លីថូ













