Skip to main content
Preah Sihanouk Provincial Television
Log in

ឆមាសទី១ ឆ្នាំនេះ! មានរថយន្តដឹកជញ្ជូន១ ៨៧១ ០៨៣គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះរថយន្តលើសទម្ងន់រងការផាកពិន័យមាន១០៦៧គ្រឿង កើន២៦%!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងឆមាសទី១ ឆ្នាំ២០២៦។  

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសពិនិត្យ ពិភាក្សាដើម្បីត្រៀមលក្ខណៈក្នុងការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងបញ្ហាប្រឈមផ្សេងៗ។

ជាលទ្ធផលនៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យរថយន្តដឹកជញ្ជូនចំនួន ១ ៨៧១ ០៨៣ គ្រឿង ក្នុងនោះរថយន្តផ្ទុកមិនលើសចំនួន ១ ៣៨០ ៧១៩គ្រឿង រថយន្តលើសក្នុងកម្រិតអនុគ្រោះចំនួន ៤៩០ ៣៦៤គ្រឿង និងរថយន្តដែលបានពិន័យមានចំនួន ១ ០៦៧គ្រឿង ដែលមានការកើនឡើង ២៦% ប្រសិនប្រៀបធៀបទៅនឹងចំនួនរថយន្តពិន័យនៅឆមាសទី១ ក្នុងឆ្នាំ ២០២៥ ដែលបានពិន័យចំនួន ៧៨១គ្រឿង។

សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៦។ ការធ្វើវិសោធនកម្មច្បាប់នេះ នឹងរឹតបន្តឹងយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ដែលជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ដោយ៖ ធី លីថូ

Comments

Loading comments…