(ភ្នំពេញ)៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្ដាល បានមានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួល និងមិនមានបញ្ហារឿងព្រំដែនជាមួយប្រទេសថៃទេ នៅក្នុងអាណត្តិនេះរាជរដ្ឋាភិបាល នឹងធ្វើការសាងសង់ផ្លូវជាតិលេខ៣ ពីចំណុច ត្រពាំងអំពៅ-វាលរេញ ប្រវែងប្រហែល២០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងតំបន់ សម្រួលដល់ការធ្វើដំណើរ នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោកជំទាវ មាន សំអាន បានថ្លែងថា«បើមិនមានបញ្ហានៅព្រំដែនកម្ពុជា-ថៃ និងមិនមានបញ្ហារឿងវិបត្តិសង្រ្គាមអន្តរជាតិ ដែលធ្វើឱ្យជះឥទ្ធិពលសេដ្ឋកិច្ចជាសកលរួមទាំងកម្ពុជាទេ ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាល នឹងធ្វើផ្លូវជាតិលេខ៣ ដែលកំពុងរងការខូចខាតខ្លាំង ពីចំណុច ត្រពាំងអំពៅ-វាលរេញ ដែលមានប្រវែងប្រហែល២០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រួលដល់ការធ្វើដំណើរ លែងឱ្យពិបាកទៀតហើយ»។
ជាមួយគ្នានេះ លោកជំទាវ មាន សំអាន បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ធ្វើសឹងតែជារៀងរាល់ឆ្នាំ ទាំងខេត្តកំពត និងព្រះសីហនុ ប៉ុន្តែបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ផ្លូវមួយនេះបានវិលទៅរកសភាពដើមវិញ។ ពាក់ព័ន្ធជាមួយផ្លូវមួយខ្សែខាងលើ លោកជំទាវប្រធាន បានគូសបញ្ជាក់បន្ថែមថា តាមព័ត៌មាន ហើយលោកជំទាវក៏មិនហ៊ានសន្យា គម្រោងធ្វើផ្លូវមួយនេះបានដាក់ទៅថ្នាក់លើហើយ និងកំពុងសិក្សាបន្តការសម្រេចបែបណា សូមបងប្អូនប្រជាពលរដ្ឋមេត្តាអនុគ្រោះ និងរង់ចាំបន្តិច។
ស្របពេលជាមួយនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា«បច្ចុប្បន្នរដ្ឋបាលខេត្តបាននិងកំពុងខិតខំកសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងតែងតែយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកព្រៃនប់នៅគ្រប់ឃុំទាំងអស់ ជាពិសេសការតភ្ជាប់បណ្តាញ ផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតឱ្យបានដល់គ្រប់ខ្នងផ្ទះ ព្រមទាំងការកែលម្អការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ និងការអន្តរាគមន៍តាមរយៈកម្មវិធី និងគម្រោងនានា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់រហ័ស មានគុណភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់»៕ដោយ៖ ធី លីថូ




























