ខេត្តព្រះសីហនុ៖ យុទ្ធនាការសម្អាតឆ្នេរអូរឈើទាល ដើម្បីលើកកម្ពស់ការយល់ដឹង ផ្លាស់ប្តូរឥរិយាបថសាធារណជនក្នុងការថែរក្សាអនាម័យបរិស្ថានឆ្នេរ ស្របតាមយុទ្ធនាការ «រដូវកាលបៃតង» របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងនិងសិស្សានុសិស្សចូលរួមប្រមាណ១ពាន់នាក់នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នៅឆ្នេរអូឈើទាលក្រុងព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងជំរុញឱ្យអាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវជាប្រចាំ ព្រមទាំងចូលរួមប្រឡងប្រណាំងទីក្រុង ឆ្នេរ និងព្រែកស្អាត សំដៅប្រែក្លាយខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ឆ្នេរបៃតង ឆ្លាតវៃ និងមានចីរភាព។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ទេសចរណ៍គឺជា «មាសបៃតង» និងជា «ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្ពោះទៅការអភិវឌ្ឍបៃតង និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ការការពារឆ្នេរ គឺជាការការពារធនធានធម្មជាតិ ការងារ ប្រាក់ចំណូល អាជីវកម្ម និងអនាគតទេសចរណ៍ជាតិទាំងមូល។
សមិទ្ធផលឆ្នើមដើមឆ្នាំ២០២៦ ខេត្តព្រះសីហនុសម្រេចបាននូវកិត្តិយសធំៗរួមមាន ពានរង្វាន់ទីក្រុងស្អាតអាស៊ាន, ពានរង្វាន់ MICE Venue, ពានរង្វាន់ ASTA Urban Category និងកោះរ៉ុងជាប់ចំណាត់ថ្នាក់លេខ ៩ ជាឆ្នេរស្អាតបំផុតលើពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវសកម្មភាពប្រែក្លាយស្មារតីជាទម្លាប់ ជំរុញឱ្យការសម្អាតក្លាយជាវប្បធម៌រស់នៅប្រចាំថ្ងៃ មិនមែនធ្វើត្រឹមតែមួយថ្ងៃនោះឡើយ។
អាជ្ញាធរមូលដ្ឋាន រឹតបន្តឹងការគ្រប់គ្រងអនាម័យ បរិស្ថាន និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់នៅតាមតំបន់ឆ្នេរ។
ប្រតិបត្តិករ និងអាជីវករ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រកាន់ខ្ជាប់អាជីវកម្មបៃតង និងបញ្ឈប់ដាច់ខាតការទម្លាក់សំណល់ចូលសមុទ្រ។
«សូមទុកតែដានជើង ការចងចាំល្អៗ និងរូបភាពល្អៗ សូមកុំទុកសំរាមនៅលើឆ្នេរ»៕
អត្ថបទ៖ ប៉ៃ សុឃីម













