Skip to main content
Preah Sihanouk Provincial Television
Log in

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្នើបញ្ចុះថ្លៃដឹកជញ្ជូននិងថាមពលអគ្គិសនីដើម្បីទាញអ្នកវិនិយោគបន្ថែម!

Historical original · translation unavailable

Summary

ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ចុះតម្លៃនៃការដឹកជញ្ជូន បញ្ចុះថ្លៃថាមពលអគ្គិសនី និងកាត់បន្ថយការចំណាយទៅលើកំពង់ផែ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់រោងចក្រសហគ្រាស និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យគ្រប់៣០០រោងចក្រត្រឹមឆ្នាំ២០២៧ខាងមុខ។ ទន្ទឹមនឹងនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានស្នើសុំការបង្កើតគម្រោងអភិវឌ្ឍថាមពលស្អាតដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ជូនរោងចក្រសហគ្រាសនៅក្នុងតំ

ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ចុះតម្លៃនៃការដឹកជញ្ជូន បញ្ចុះថ្លៃថាមពលអគ្គិសនី និងកាត់បន្ថយការចំណាយទៅលើកំពង់ផែ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់រោងចក្រសហគ្រាស និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យគ្រប់៣០០រោងចក្រត្រឹមឆ្នាំ២០២៧ខាងមុខ។ 

ទន្ទឹមនឹងនោះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានស្នើសុំការបង្កើតគម្រោងអភិវឌ្ឍថាមពលស្អាតដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ជូនរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា បើរោងចក្រសហគ្រាសនៅតំបន់មានការអភិវឌ្ឍន៍ល្អ នោះតំបន់ក៏មានការរីកចម្រើនដែលអាចផ្តល់ការងារកាន់ច្រើនដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាន់តែខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងសំណើសុំបង្កើតថាមពលស្អាតដែលបានលើកឡើងដោយលោក CHEN JIANG GANG ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងែទី៣០ ខែកក្កដា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល គឺមិនទាន់មានការបដិសេធទាំងស្រុងនោះទេ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងយកសំណើរនេះដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការពិចារណា។ ចំណែក ការស្នើសុំបញ្ចុះថ្លៃថាមពលអគ្គិសនី ឯកឧត្តមសន្យានឹងគិតគូរជួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការផ្គត់ផ្គង់ថាមពលមិនឱ្យមានការរអាក់រអួល និងមានតម្លៃទាប។ 

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានការអមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលទស្សនកិច្ចក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡូជី (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តផងដែរ។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស មានការអភិវឌ្ឍន៍បានលឿន និងរីកចម្រើនឆាប់រហ័សជាងគេនៅប្រទេសកម្ពុជា ព្រមទាំងបានជួយជំរុញការធ្វើទំនើបកម្ម និងឧស្សាហកម្មរបស់ប្រទេសកម្ពុជាទៀតផង។ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសនេះ ប្រៀបដូចជាកូនបង្កើតរបស់សម្តេចដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានពន្យល់លោក CHEN JIANG GANG បែបនេះ៖ «នៅតំបន់អាស៊ាន ក្រៅពីប្រទេសឡាវ មានតែប្រទេសកម្ពុជាទេដែលជាប់លេខ២ ក្នុងការផលិតថាមពលស្អាត(ថាមពលបៃតង់)បានច្រើនខ្ពស់ជាងគេ ដោយឯកឧត្តមចង់ជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសងាកមកប្រើប្រាស់ថាមពលបៃតង់ដែលផលិតដោយកម្ពុជាផ្ទាល់មានបរិមាណ ៦២ភាគរយ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែម ដែលពិភពលោកគាំទ្រលើការប្រើប្រាស់ថាមពលស្អាត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យតំបន់សេដ្ឋពិសេសធ្វើការជាមួយក្រសួង និងអគ្គិសនីកម្ពុជា (EDC) ដើម្បីសុំអាជ្ញាបណ្ណដាក់ឱ្យអនុវត្តការប្រើប្រាស់ថាមពលបៃតងដែលអាចរុញឱ្យមានការទាក់ទាញអ្នកវិនិយោគ។ ទោះបីជាប្រទេសកម្ពុជារងនូវវិបត្តិនៃសង្គ្រាមលើពិភពលោក និងជួបបញ្ហាជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាខិតខំរក្សាលំនឹងនៃតម្លៃថាមពលអគ្គិសនីមិនឱ្យឡើងថ្លៃនោះទេ ពោលគឺឱ្យរក្សាតម្លៃនៅថេរដដែល៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល

Comments

Loading comments…