អភិបាលខេត្តកំពតទុកពេល១សប្ដាហ៍ឱ្យកាយដី និងរុះរើសំណង់ដែលអាជ្ញាធរថារំលោភមាត់ព្រែក
ក្រោយចុះពិនិត្យនៅភូមិតាអង្គ ថ្ងៃទី២៤ ខែមីនា លោក ម៉ៅ ធនិន បានបញ្ជាឱ្យយកដីចាក់ និងសំណង់បេតុងចេញ ដោយឱ្យអាជ្ញាធរតាមដានការអនុវត្ត។
ខ្លឹមសារប្រភព
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសទុកពេល១សប្តាហ៍ជាកំហិតឱ្យអ្នកចាក់ដីរំលោភដីចំណីព្រែកកំពត ធ្វើការកាយដីនិងយកសំណង់បេតុងដែលបានសាងសង់នោះចេញវិញទាំងអស់។ ការដាក់ឱសានវាទដូច្នេះ ធ្វើឡើងនៅពេលឯកឧត្តមចុះពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត កាលពីថ្ងៃទី២៤ មីនា។
តាមមន្ទីរព័ត៌មានខេត្តកំពត បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងនៅទីតាំងនោះ ជាទីតាំងថ្មី មានការសាងសង់ចាក់បេតុងការពារច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់ពិតមែន។ អភិបាលខេត្ត បានទុកឱកាសឱ្យម្ចាស់ទីតាំងរយៈពេល១សប្តាហ៍ជាកំហិត ដើម្បីធ្វើការកាយដី និងយកសំណង់បេតុងដែលបានសាងសង់រំលោភនោះចេញវិញទាំងអស់។
បើតាមឯកឧត្តមអភិបាលខេត្ត វិធានការនេះត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ និងរក្សាសម្រស់ធម្មជាតិនៃដងព្រែកកំពត ដែលជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្ត។ ឯកឧត្តមបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញ បន្តតាមដានការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាថាគ្រប់ការអភិវឌ្ឍទាំងអស់ត្រូវអនុវត្តតាមច្បាប់ និងមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14416",
"languageVersionId": "9306",
"visibilityVersion": "2",
"versionToken": "a1.ECw2fMR-Fk9SWpbFOyKCURrCgzm4ciBhqTIYiVykF9U"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
