ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពតទុកពេល១សប្ដាហ៍ឱ្យកាយដី និងរុះរើសំណង់ដែលអាជ្ញាធរថារំលោភមាត់ព្រែក

KPS99TV

សេចក្តីសង្ខេប

ក្រោយចុះពិនិត្យនៅភូមិតាអង្គ ថ្ងៃទី២៤ ខែមីនា លោក ម៉ៅ ធនិន បានបញ្ជាឱ្យយកដីចាក់ និងសំណង់បេតុងចេញ ដោយឱ្យអាជ្ញាធរតាមដានការអនុវត្ត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសទុកពេល១សប្តាហ៍ជាកំហិតឱ្យអ្នកចាក់ដីរំលោភដីចំណីព្រែកកំពត ធ្វើការកាយដីនិងយកសំណង់បេតុងដែលបានសាងសង់នោះចេញវិញទាំងអស់។ ការដាក់ឱសានវាទដូច្នេះ ធ្វើឡើងនៅពេលឯកឧត្តមចុះពិនិត្យករណីរំលោភបំពានដីចំណីព្រែកកំពត ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត កាលពីថ្ងៃទី២៤ មីនា។

តាមមន្ទីរព័ត៌មានខេត្តកំពត បញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងនៅទីតាំងនោះ ជាទីតាំងថ្មី មានការសាងសង់ចាក់បេតុងការពារច្រាំង និងចាក់ដីបំពេញរំលោភចូលក្នុងចរន្តទឹកព្រែកខុសច្បាប់ពិតមែន។ អភិបាលខេត្ត បានទុកឱកាសឱ្យម្ចាស់ទីតាំងរយៈពេល១សប្តាហ៍ជាកំហិត ដើម្បីធ្វើការកាយដី និងយកសំណង់បេតុងដែលបានសាងសង់រំលោភនោះចេញវិញទាំងអស់។

បើតាមឯកឧត្តមអភិបាលខេត្ត វិធានការនេះត្រូវបានធ្វើឡើងដើម្បីការពារប្រយោជន៍សាធារណៈ និងរក្សាសម្រស់ធម្មជាតិនៃដងព្រែកកំពត ដែលជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្ត។ ឯកឧត្តមបញ្ជាឱ្យអាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញ បន្តតាមដានការអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាថាគ្រប់ការអភិវឌ្ឍទាំងអស់ត្រូវអនុវត្តតាមច្បាប់ និងមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…