ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ក្រូអាត ចាប់ដៃគ្នាលើកកម្ពស់នវានុវត្តន៍ និងសកម្មភាពមីន ឆ្ពោះទៅរកពិភពលោកប្រកបដោយសុវត្ថិភាព

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានអញ្ជើញជាសហប្រធានដឹកនាំ «កិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករពាក់ព័ន្ធជាច្រើនរូប។ ក្នុងជំនួបនោះ កម្ពុជាបានសម្តែងការអបអរសាទរចំពោះប្រទេសក្រូអាត ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០ គ្រាប់។

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត បានអញ្ជើញជាសហប្រធានដឹកនាំ «កិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករពាក់ព័ន្ធជាច្រើនរូប។


ក្នុងជំនួបនោះ កម្ពុជាបានសម្តែងការអបអរសាទរចំពោះប្រទេសក្រូអាត ដែលសម្រេចបានជោគជ័យក្នុងការបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេល ៣១ ឆ្នាំ និងបានកម្ទេចមីនប្រមាណ ១០៧.០០០ គ្រាប់។


ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ មក កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣.៥០០ គីឡូម៉ែត្រក្រឡា ព្រមទាំងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានជាង ៤ លានគ្រាប់។ បើទោះជាប្រឈមនឹងការរកឃើញយុទ្ធភណ្ឌថ្មីៗនៅតាមព្រំដែន កម្ពុជានៅតែប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ «គ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រឹមឆ្នាំ២០៣៥»។
ការប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យា ភាគីទាំងពីរបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាទំនើប រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញា និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយនៅតែចាត់ទុក «កត្តាមនុស្ស» និងស្ថាប័នរឹងមាំជាស្នូលនៃជោគជ័យ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា បទពិសោធន៍របស់ក្រូអាត គឺជាមេរៀនដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការដោះស្រាយតំបន់លំបាកចុងក្រោយ និងការជួយសង្គ្រោះជនរងគ្រោះរយៈពេលវែង។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាក់ស្តែង ទាំងការចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗ។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពប្រែក្លាយចំណេះដឹង និងកិច្ចសហប្រតិបត្តិការទៅជាសកម្មភាពជាក់ស្តែង រួមមាន ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាល ការចុះទស្សនកិច្ចរួមនៅទីតាំងបោសសម្អាតមីន និងការពង្រឹងការគាំទ្រដល់ជនរងគ្រោះ សំដៅធានាឱ្យកុមារជំនាន់ក្រោយរស់នៅលើទឹកដីប្រកបដោយសុវត្ថិភាព និងគ្មានការគំរាមកំហែងពីសំណល់សង្គ្រាម៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…