ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបានបន្តរីកចម្រើនក្នុងរយៈពេល៣ទសវត្សរ៍កន្លងមក។ ឆ្នាំ២០២៦នេះ កម្ពុជា និងក្រូអាស៊ីក៏បានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតផងដែរ។
ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជា និងក្រូអាស៊ីបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាពហុភាគីនានា ដោយផ្អែកលើគោលការណ៍ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនភាគីក្រូអាស៊ីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។
ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងក្រូអាស៊ី ព្រមទាំងការប្តេជ្ញាចិត្តរួមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ដោយ៖សុភ័ក្រ្ត










