ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើជាសហអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយសាយប័រ អាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៧ (7th ASEAN-U.S. Cyber Policy Dialogue) ដោយមានការចូលរួមពីតំណាងសហរដ្ឋអាម៉េរិក រដ្ឋសមាជិកអាស៊ាន និងស្ថាប័នពាក់ព័ន្ធ។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅស្របពេលនឹងសប្តាហ៍អន្តរជាតិសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី លើកទី១១ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីសន្តិសុខសាយប័រ លើកទី១១ ដោយផ្តោតលើការឆ្លើយតបនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ។
ក្នុងកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយសន្តិសុខសាយប័រ និងពិភាក្សាអំពីការទប់ស្កាត់ការឆបោកអនឡាញ ការកសាងសមត្ថភាពជំនាញ និងការពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន។
គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការពង្រឹងសន្តិសុខសាយប័រ និងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។
វិស័យអាទិភាពចំនួន៤ ដែលត្រូវបានលើកឡើង រួមមាន ការចែករំលែកព័ត៌មានអំពីការគំរាមកំហែងសាយប័រ ការពង្រឹងយន្តការឆ្លើយតបនឹងឧប្បត្តិហេតុសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការកសាងសមត្ថភាពដើម្បីទប់ទល់នឹងការគំរាមកំហែងថ្មីៗ។
កិច្ចសន្ទនានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងសុវត្ថិភាពឌីជីថលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខសាយប័រនៅក្នុងតំបន់៕អត្ថបទដោយ៖ សុភ័ក្រ្ត









