កម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «អាវុធទូទៅ» នៃគណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសកម្មភាពមីន និងការផ្តល់ជំនួយដល់ជនរងគ្រោះ ដើម្បីដោះស្រាយបញ្ហាដែលនៅតែបន្តប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋនៅតាមភូមិនានាក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ពីគ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ព្រមទាំងសំណល់គ្រាប់បែកចង្កោម ដែលជាឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពរបស់ជនភៀសសឹក។
ការលើកឡើងនេះបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងសកម្មភាពមីន និងការជួយជនរងគ្រោះ ដើម្បីកាត់បន្ថយហានិភ័យ និងជួយឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព។អត្ថបទដោយ៖ សុភ័ក្រ្ត









