ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៦នេះ បានឲ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦. កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។ បន្ទាប់មក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃនេះ ក៏បានបាញ់ ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបន្តសាង សង់ផ្លូវបន្ថែមទៀត នៅតំបន់នេះដដែល ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពដែលខ្លួនចាត់ទុកថា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយអះអាងថា សកម្មភាពទាំងនេះផ្ទុយនឹងឯកសារពាក់ព័ន្ធនឹងការកំណត់ព្រំដែន និងកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជា និងថៃ។
តាមជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ខ្សែបន្ទាត់ព្រំដែនត្រូវផ្អែកលើផែនទីខ្នាត ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។


កម្ពុជាក៏បានលើកឡើងថា សកម្មភាពខាងលើផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្ដីប្រកាសរួមក្នុងកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរថា កម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលថៃកំណត់ដោយឯកតោភាគីឡើយ។ កម្ពុជាក៏សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។
ជាមួយគ្នានេះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពដែលខ្លួនចាត់ទុកថាខុសច្បាប់ និងជៀសវាងវិធានការឯកតោភាគីនានា ដើម្បីកាត់បន្ថយភាពតានតឹង ស្ដារទំនុកចិត្តរវាងប្រទេសទាំងពីរ និងរក្សាសន្តិភាព ស្ថិរភាព ព្រមទាំងទំនាក់ទំនងអ្នកជិតខាងល្អតាមបណ្ដោយព្រំដែន។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាបានសង្កត់ធ្ងន់លើគោលការណ៍របស់ខ្លួនថា ព្រំដែនអន្តរជាតិមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយ។







