ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ២៦រូប នៅខេត្តព្រះសីហនុ និងប្រគល់ម៉ូតូជារង្វាន់លើកទឹកចិត្ត

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន ២៦រូប ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌ និងមនសិការវិជ្ជាជីវៈ។

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន ២៦រូប ដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌ និងមនសិការវិជ្ជាជីវៈ។ ជាពិសេស ការប្រឹងប្រែងបង្រៀន និងណែនាំសិស្សានុសិស្ស រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់និទ្ទេស ជាពិសេសសិស្សដែលទទួលបាននិទ្ទេស A ដោយបញ្ជាក់ថា ជោគជ័យនេះកើតចេញពីការខិតខំរៀនសូត្ររបស់សិស្សផ្ទាល់ រួមជាមួយការលះបង់ និងការគាំទ្រយ៉ាងធំធេងពីសំណាក់មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមឧប សាយ សំអាល់ បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល ដែលបានខិតខំជួយជ្រោមជ្រែងកូនៗឱ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សា ព្រមទាំងកោតសរសើរដល់រដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ។ ឯកឧត្តមបានគូសបញ្ជាក់ថា សាលារៀនជាកន្លែងបណ្តុះបណ្តាលចំណេះដឹង និងស្មារតីរបស់មនុស្សជំនាន់ក្រោយ ខណៈការកសាងធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចជាច្រើន ជាពិសេសវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ដូច្នេះ កម្ពុជាត្រូវបន្តពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីចាប់យកឱកាសការងារ និងការអភិវឌ្ឍនាពេលអនាគត ព្រមទាំងជំរុញផលិតកម្មកសិកម្មដែលមានសក្តានុពលទីផ្សារ ដូចជា ស្វាយចន្ទី កាកាវ កាហ្វេ កៅស៊ូ និងស្រូវក្រអូប។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យផ្តោតលើការសិក្សាដើម្បីទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ មិនមែនគ្រាន់តែដើម្បីពិន្ទុល្អប៉ុណ្ណោះទេ។ ជាពិសេស ត្រូវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងប្រើប្រាស់អ៊ីនធឺណិតឱ្យមានប្រយោជន៍ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលខាងមុខ។

ក្នុងឱកាសនេះដែរ មានការឧបត្ថម្ភម៉ូតូចំនួន ៩៥គ្រឿង ដើម្បីផ្តល់ជូនសិស្សនិទ្ទេស A ចំនួន ២៦គ្រឿង និងប្រជាការពារនៅតាមក្រុង ស្រុក និងឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុចំនួន ៦៩គ្រឿង។ ក្នុងនោះ ប្រជាការពារតាមក្រុង ស្រុកទាំង៦ ទទួលបានចំនួន ១១គ្រឿង និងប្រជាការពារតាមឃុំ សង្កាត់ទាំង២៩ ទទួលបានសរុប ៥៨គ្រឿង ដោយក្នុងមួយឃុំ សង្កាត់ទទួលបាន ២គ្រឿង។

ពិធីនេះជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំសិក្សារហូតទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអប់រំ និងការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕អត្ថបទ៖ ប៉ៃ សុឃីម  រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…