លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។



ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការជាក់ស្តែងរបស់សាលារៀន តាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
ព័ត៌មាន និងធាតុចូលដែលទទួលបានពីការចុះពិនិត្យនេះ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំផែនការ និងការអនុវត្តគម្រោងកែលម្អសាលារៀនឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់ក្នុងវិស័យអប់រំ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅក្រុងកោះរ៉ុងឱ្យកាន់តែប្រសើរឡើង៕អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព ៖ កែវ ដារ៉ា




























