ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជានិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភ្នំពេញ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

កម្ពុជានិងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ ដើម្បីបង្កើនឱកាសតាំងបង្ហាញ ផ្សព្វផ្សាយ និងចែកចាយផលិតផលរបស់ប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា ចូលរួមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP។

កម្ពុជានិងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី តាមរយៈគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ ដើម្បីបង្កើនឱកាសតាំងបង្ហាញ ផ្សព្វផ្សាយ និងចែកចាយផលិតផលរបស់ប្រទេសទាំងពីរ។

នាពេលថ្មីៗនេះ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួល និងដឹកនាំប្រតិភូពាណិជ្ជករកម្ពុជា ចូលរួមកិច្ចចរចា និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមហ៊ុន MEKONG TÂY NINH GROUP និង KC MARKET GROUP។
គម្រោងនេះមានគោលដៅពង្រឹងទំនាក់ទំនងធុរកិច្ច និងបើកឱកាសទីផ្សារថ្មីៗសម្រាប់ពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងនោះ កម្ពុជានឹងមានឱកាសនាំចេញកសិផល និងផលិតផលដែលមានសក្តានុពលទៅកាន់ទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិ ខណៈផលិតផលពីវៀតណាមក៏អាចទទួលបានឱកាសចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយផងដែរ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើការសម្រួលឯកសារ និងនីតិវិធីនាំចូល-នាំចេញ ការអនុលោមតាមច្បាប់ និងស្តង់ដាគុណភាព ព្រមទាំងការបង្កើតយន្តការទូទាត់ដែលមានសុវត្ថិភាព និងទំនុកចិត្ត។ ជម្រើសមួយដែលត្រូវបានលើកឡើង គឺការប្រើប្រាស់លិខិតឥណទាន (Letter of Credit – L/C) តាមរយៈធនាគារ ដើម្បីកាត់បន្ថយហានិភ័យក្នុងប្រតិបត្តិការទិញ-លក់ទំនិញ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការកំណត់កម្រៃសេវាតាមភាគរយនៃការលក់ ឬលទ្ធផលអាជីវកម្ម ដើម្បីកាត់បន្ថយបន្ទុកចំណាយដំបូង និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមតាំងបង្ហាញ និងលក់ផលិតផលនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលគ្រោងបង្កើតនៅរាជធានីភ្នំពេញ។
ការផ្តួចផ្តើមនេះត្រូវបានរំពឹងថា នឹងជួយពង្រីកឱកាសទីផ្សារ ពង្រឹងទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសទាំងពីរ និងជំរុញលំហូរពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម៕
អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…