ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាឯកសារផ្លូវការ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបន្តផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ បន្តសុពលភាព និងប្រគល់បណ្ណជូនប្រជាពលរដ្ឋ។


ក្នុងសកម្មភាពនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការទាំងពីរបានបំពេញបែបបទពាក់ព័ន្ធ និងផ្តល់អត្តសញ្ញាណបណ្ណជូនអ្នកដែលមកទទួលសេវា ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។
សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកទទួលសេវា ទីស្នាក់ការទាំងពីរបើកដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច។


សូមបញ្ជាក់ថាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការសម្រាប់បញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ប្រជាពលរដ្ឋ ព្រមទាំងជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការទទួលសេវាសាធារណៈ និងសេវាឯកជនផ្សេងៗ។
ប្រជាពលរដ្ឋដែលត្រូវការធ្វើអត្តសញ្ញាណបណ្ណថ្មី ឬបន្តសុពលភាព អាចអញ្ជើញទៅកាន់ទីស្នាក់ការអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ តាមកាលវិភាគផ្តល់សេវាខាងលើ៕អត្ថបទដោយ៖ សុភ័ក្រ្ត














